មេតុងទីនដាក់ពាក្យប្ដឹងកូនតុងទីនឈ្មោះ កេស គុន្ធា ដែលអះអាងថា ខ្លួនជាម្ចាស់បុរីខេមរភូមិ និងឈ្មោះ សោម វឌ្ឍនៈ ទៅសាលាដំបូងរាជធានីភ្នំពេញពីបទ «រំលោភលើទំនុកចិត្ត» និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»
មេតុងទីនឈ្មោះ ហឿន ស្រីតុន បានសម្រេចដាក់ពាក្យប្ដឹងកូនតុងទីនឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ដែលមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ទៅកាន់ឯកឧត្តមព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» តាមមាត្រា៣៩១ នៃក្រមព្រហ្មទណ្ឌ និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងពាក្យបណ្ដឹងមេតុងទីនឈ្មោះ ហឿន ស្រីតុន បានបញ្ជាក់ឲ្យដឹងថា រូបគាត់ជាមេតុងទីនត្រូវបានកូនតុងទីន ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានស្នើសុំរូបគាត់ដេញប្រមូលប្រាក់តុងទីនពីរូបគាត់ជាច្រើនដង ដោយមានការបញ្ជាក់អះអាងថា ខ្លួនមានទ្រព្យធានា នឹងចេញមូលប្បទានបត្រ តម្កល់ដាក់ធានា ព្រមទាំងបានអះអាងថា ជាម្ចាស់បុរីខេមរភូមិ។
មេតុងទីនឈ្មោះ ហឿន ស្រីតុន បានបញ្ជាក់ទៀតថា ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បាននាំក្រុមគ្រួសាររបស់គាត់ទៅលេងដល់ផ្ទះក្នុងការបង្ហាញទ្រព្យ ដើម្បីធ្វើឲ្យរូបគាត់ជឿទុកចិត្ត ហើយរាល់ពេលដែលរូបគាត់ធ្វើផ្ទេរប្រាក់ពីគណនីរបស់គាត់ឈ្មោះ ហឿន ស្រីតុន (HOEURN SREYTON) មានគណនីលេខ ០០៨១០១៩៩០ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា (ABA) ទៅគណនីឈ្មោះរួម របស់ឈ្មោះ សោម វឌ្ឍនៈ និងឈ្មោះ កេស គន្ធា (SORM VATTANAK AND KES KUNTHEA) មានគណនីរួម លេខ ០០៣៣៨៨៨៨០ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា (ABA) ។ ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានធានាអះអាងបែបនេះហើយ ទើបរូបគាត់សម្រេចចិត្តយល់ព្រមឲ្យ ដេញប្រមូលប្រាក់តុងទីនជាច្រើនលើកសរុបមានទឹកប្រាក់ចំនួន៥៦៧,១៧១ដុល្លារ។
មេតុងទីនខាងលើបានបន្តថាឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានដាក់ធានាតម្កល់មូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន៣ រួមមាន៖ *ទី១.ចេញមូលប្បទានប័ត្រលេខ ១២១៤៤៩ គ្មានសាច់ប្រាក់ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន១០០,០០០ដុល្លារ របស់ធនាគារជីពម៉ុង (CHIP MONG BANK)។ *ទី២. ចេញមួលប្បទានប័ត្រលេខ ២៧៩៣៧៤ គ្មាន សាច់ប្រាក់ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន៥០០,០០០ដុល្លារ របស់ធនាគារប្រៃសេលីយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC.) និង*ទី៣. ចេញមូលប្បទានប័ត្រលេខ ២៧៩៣៤២ គ្មានសាច់ប្រាក់ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន៦០,០០០
ដុល្លារ របស់ធនាគារប្រៃសេណយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC.) ដើម្បីយកមកទូទាត់ប្រាក់ដែលជំពាក់រូបគាត់។ ប៉ុន្តែនៅថ្ងៃទី០៧,ទី១៧,ទី២០ ខែមីនា ឆ្នាំ២០២៣ ពេលដែលរូបគាត់បានទៅធ្វើការដកប្រាក់ពីមូលប្បទានបត្រធនាគារខាងលើដើម្បីធ្វើការទូទាត់ប្រាក់ គឺមូលប្បទានប័ត្ររបស់ឈ្មោះ កេស គុន្ធា មិនមានសាច់ប្រាក់នោះទេ។
មេតុងទីនឈ្មោះ ហឿន ស្រីតុន បានបន្ថែមទៀតថា សកម្មភាពរបស់ឈ្មោះ កេស គុន្ធា និង ឈ្មោះ សោម វឌ្ឍនៈ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ក្នុងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់) និងបានគៃបំបាត់ប្រាក់របស់រូបគាត់ដែលបានបង់ប្រាក់ឲ្យកន្លងមក ក៏ដូចជាប្រាក់កូនតុងទីនផ្សេងទៀត យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលជាមូលហេតុធ្វើប៉ះពាល់ដល់ផលប្រយោជន៍របស់រូបគាត់យ៉ាងធ្ងន់ធ្ងរ។
មេតុងទីនខាងលើបានបញ្ជាក់បន្តថា ទង្វើរបស់ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ដែលមិនអាចអត់ឱនឲ្យបានឡើយ ហេតុដូចនេះទើប រូបគាត់សម្រេចចិត្ត ដាក់ពាក្យបណ្តឹងគោរពចូលទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីស្នើសុំឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការការឃាត់ខ្លួនឈ្មោះ កេស គន្ធា និង ឈ្មោះ សោម វឌ្ឍនៈ តាមនីតិវិធីច្បាប់។
គួរជម្រាបជូនថា នៅក្នុងពាក្យបណ្ដឹង មេតុងទីនឈ្មោះ ហឿន ស្រីតុន បានសំណូមពរ ឯកឧត្ដមព្រះរាជអាជ្ញា មេត្តាចាត់ការតាមនីតិវិធី៖*ទី១. ចោទប្រកាន់លើឈ្មោះ កេស គុន្ធា និង ឈ្មោះ សោម វឌ្ឍនៈ តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់ ។ *ទី២.បង្កាប់ឲ្យឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ធ្វើការទូទាត់សងប្រាក់ចំនួន៥៦៧,១៧១ដុល្លារ មកឲ្យរូបគាត់ឈ្មោះ ហឿន ស្រីតុន វិញ។ *ទី៣. សុំទាមទារសំណងជំងឺចិត្ត ព្យសនកម្ម និងសេវាផ្សេងៗចំនួន១៥០,០០០ដុល្លារ។
គួរជម្រាបជូនទៀតថា កូនតុងទីនឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ដែលមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ត្រូវបានលោក ឡុង ស៊ីថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្លាប់ចេញដីកាកោះចំនួន២លើកមកហើយ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ឈ្មោះ ហឿន ស្រីតុន ពីដំណើររឿង «រំលោភលើទំនុកចិត្ត» និង«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»៕