រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី ឯកឧត្តម ប៉េង ពោធិ៍នា សំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលីឲ្យជួយបន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា តាមរយៈលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់កម្ពុជា។
ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងលោក Justin Whyatt អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើ «បទដ្ឋានឌីហ្សាញកម្រាលផ្លូវ» និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រី ជាមន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មន្ត្រីបច្ចេកទេសពាក់ព័ន្ធកម្មវិធី P4I និងសិក្ខាកាមជាច្រើនរូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើន ភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (P4I) និង AustRoads។ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។
ក្រៅពីគម្រោងនេះក្រសួងក៏កំពុងសហការជាមួយ P4I និងសមាគមធនធានទឹកអូស្ត្រាលី (Australian Water Association- AWA) ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងវិស័យគ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរនូវការងារអភិវឌ្ឍន៍ និងគ្រប់គ្រងទឹកកខ្វក់ ប្រកបដោយនិរន្តរភាព និងស្របតាមបទដ្ឋាននៃការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីជំនួយគួរឱ្យកត់សម្គាល់មួយចំនួន ដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ ជំនួយក្នុងការស្តារឡើងវិញនូវបណ្តាញផ្លូវថ្នល់ ដែលត្រូវបានបំផ្លិចបំផ្លាញក្នុងប្រទេស ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ ជំនួយលើការសាងសង់ស្ពានបាឡេតិ៍ជាច្រើន នៅតាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ និងការផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំ និងការបោះពុម្ពឯកសារស្តង់ដារឌីហ្សាញសម្រាប់ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធលូ ព្រមទាំងបទដ្ឋានលក្ខណៈបច្ចេកទេសសំណង់ ដែលបានបោះពុម្ពក្នុងឆ្នាំ២០០៣ ហើយបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយក្រសួង ក្នុងការឌីហ្សាញ និងសាងសង់ ជាពិសេសសម្រាប់គម្រោងហិរញ្ញប្បទានដែលផ្ដល់ដោយដៃគូអភិវឌ្ឍន៍របស់យើង៕