ខ្ចីរថយន្តគេជិះមិនប្រយ័ត្នបណ្ដាលឲ្យក្រឡាប់ផ្ងារជើងភីង នៅលើទ្រូងផ្លូវក្រវ៉ាត់ក្រុងទី៣ (មានVideo)

ពិតជាសំណាង១ក្នុង១ម៉ឺនគ្រោះថ្នាក់ ដែលរថយន្តមួយគ្រឿងបើកយ៉ាងលឿនក្នុងស្ថានភាពមេឃកំពុងធ្លាក់ភ្លៀង បណ្ដាលឲ្យបុកខឿនសួនច្បារកណ្តាលទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង ដាច់កង់ខាងក្រោយ ប៉ន្តែចំពោះតៃកុងរថយន្ត មិនបណ្ដាលឲ្យមានរងរបួសឬ បង្កគ្រោះដល់អ្នកធ្វើដំណើរផ្សេងទៀតទេ។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៦៖៣៥នាទីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពថា តៃកុងរថយន្តឈ្មោះ ប៊ុន ណា ភេទប្រុស អាយុ ៤២ឆ្នាំ  បានរៀបរាប់ថា គាត់បានខ្ចីរថយន្តគេម៉ាក TOYOTA TACOMA ពាក់ស្លាកលេខកំពង់ស្ពឺ 2B- 4465 ពណ៌មាស  ហើយមានទីលំនៅឃុំជ្រៃកំពត ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរទិសដៅ ពីកើតទៅលិច ម្នាក់ឯង ពេលឆ្លងស្ពានកោះអន្លង់ចិន សិត្បូរួច ក្នុងល្បឿនលឿនគួរសម ស្របពេលមេឃភ្លៀងផង និងជាផ្លូវបេតុងផង ពេល មកដល់ចំណុចកើតហេតុ រថយន្តគាត់ក៏រអឹលមកឆ្វេងបោកទៅលើខឿនសួនដាំស្មៅ កណ្តាលទ្រូងផ្លូវ រួចបោកក្រឡាប់ផ្ងារជើង ដាច់កង់ខាងក្រោយផ្នែកខាងស្តាំ បែរក្បាលរថយន្តត្រឡប់មកខាងកើតវិញ ប៉ុន្តែរថយន្ត គឺបើកតែម្នាក់ឯងមិនមានអ្នករួមដំណើរទេ។

ប្រភពព័ត៌មានបានបន្តថា សមត្ថកិច្ចមូលដ្ឋានក៏មកដល់និងបានជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ និងបានហៅរថយន្តស្ទូច មកស្ទូចយករថយន្តរងគ្រោះទៅធ្វើការជួសជុលដោយខ្លួនឯង។

តាមប្រភពពីសមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា គឺបណ្តាលមកពីអ្នកបើកបររថយន្ត មិនពិនិត្យស្ថានភាពផ្លូវ ដែលមានធ្លាក់ភ្លៀង ហើយប្រើល្បឿនលឿនពេក ទើបបណ្តាលឲ្យរងគ្រោះបែបនេះ ហើយក៏ជាសំណាង១ក្នុង១ម៉ឺនគ្រោះថ្នាក់ដែលជីវិតថ្លៃនៃតៃកុងរថយន្ត។

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា ផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចដែលគ្រោះថ្នាក់ញឹកញាប់ជាងគេគឺចាប់ពីស្តុបសិត្បូ កែងផ្លូវជាតិលេខ21A  ទៅដល់ស្តុបស្ពានអាកាស កែងផ្លូវជាតិលេខ21B ទួលក្រសាំង ជាពិសេសរាល់ពេលដែលមេឃធ្លាក់ភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង