ប្រជា​ពលរដ្ឋរងគ្រោះជាច្រើនគ្រួសារបានផ្ដិតមេដៃប្ដឹង​លោក ឌី សិទ្ធី ថៅកែក្រុមហ៊ុន សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន ទៅលោកចៅហ្វាយខណ្ឌព្រែកព្នៅ

ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារដែលបានចុះកិច្ចសន្យាទិញលក់ដីឡូតិ៍ និងផ្ទះពីក្រុមហ៊ុនបូរី សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន ដែលមានអាសយដ្ឋាននៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានផ្ដិតមេដៃលើពាក្យបណ្ដឹងដើម្បីប្ដឹងលោក ឌី សិទ្ធី អគ្គនាយកក្រុមហ៊ុន សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន ទៅលោក ធឹម សំអាន ចៅហ្វាយខណ្ឌព្រែកព្នៅ ពីបទរំលោភលើសេចក្ដីទុកចិត្តដោយមិនបានអនុវត្តន៍កិច្ចសន្យាលក់ទិញដីឡូតិ៍និងផ្ទះ។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពបានឲ្យដឹងផងដែរថា កាលពីវេលាម៉ិង១០៖០០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅសាលាខណ្ឌព្រែកព្នៅ មានប្រជាពលរដ្ឋចំនួនជា២០គ្រួសារ បានជិះរថយន្ត​ ជិះម៉ូតូកង់បី និងជិះម៉ូតូជាច្រើនគ្រឿងបាននាំគ្នាមកដាក់ពាក្យបណ្តឹង ប្ដឹងក្រុមហ៊ុន សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន របស់លោក ឌី សិទ្ធី ជាអគ្គនាយកក្រុមហ៊ុន ការិយាល័យលក់នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានបន្តថា ខ ណៈនោះ អាជ្ញាធរខណ្ឌនិងសមត្ថកិច្ចបាន​ទទួល​ពាក្យបណ្ដឹងនិងសន្យាជួយដោះស្រាយជូនប្រជាពលរដ្ឋ។  លុះដល់ម៉ោង​ជាង​ ១២រសៀល​ថ្ងៃទី២៥ ខែសីហាដដែល ទេីប​ប្រជាពលរដ្ឋ​រងគ្រោះ​ត្រលប់​ទៅផ្ទះវិញ​។

ប្រភពព័ត៌មានបានលើកជាចម្ងល់ថា តេីមានប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតដែលត្រូវរងគ្រោះនៅបញ្ហានេះ? ពលរដ្ឋរង់ចាំ​មេីលថា​ តេី​លោក ឌី សិទ្ធី ដែលដែលជាម្ចាស់ក្រុមហ៊ុន ក្រុមហ៊ុន សិទ្ធី សិទ្ធី ខនសឺវេសិន ឌីវេឡុបមិន នឹងចេញមុខដោះស្រាយឬទេ?

ទាក់ទិនករណីខាងលើ ប្រជាពលរដ្ឋរងគ្រោះបានទទូចស្នើសុំទៅដល់លោក ធឹម សំអាន ចៅហ្វាយខណ្ឌព្រែកព្នៅមេត្តាជួយដោះស្រាយជូនពួកគាត់ដោយក្ដីអនុគ្រោះ ដោយពួកគាត់ទាំង២០គ្រួសារ មិនអាចទ្រាំនូវទង្វើភូតកុហករបស់លោក ឌី សិទ្ធី ម្ដងហើយម្ដងទៀត ដែលតែងតែធ្វើនូវលិខិតពន្យារពេលជាច្រើនលើក ច្រើនសារដែលមិនអាចទទួលយកបាន ហើយពួកយើងខ្ញុំ និងអាចប្រឈមមុខនិងការគេរឹបអូសយកផ្ទះសម្បែងដែលពួកយើងខ្ញុំទាំងអស់គ្នាបានទៅខ្ចីលុយចងការប្រាក់ដើម្បីទិញផ្ទះរបស់បុរីមួយនេះ។ ដូចច្នេះមានតែលោកអភិបាលខណ្ឌដែលជាអាណាព្យាបាលដើម្បីជួយផ្ដល់នៅភាពយុត្តិធម៌ដល់ពួកយើងខ្ញុំជាជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង