នាយករដ្ឋមន្ត្រីកម្ពុជាចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ឲ្យចុះធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងជូនលោកតាលោកយាយ២នាក់នៅស្រុកខ្សាច់កណ្តាល

ដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់លោកតា និងលោកយាយចំនួន០២នាក់ រស់នៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

គួរជម្រាបជូនថា លោកតាឈ្មោះ វណ្ណ នី អាយុ ៧២ឆ្នាំ និងលោកយាយឈ្មោះ សុំ លាង អាយុ ៧០ឆ្នាំ រស់នៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។

គួរជម្រាបជូនទៀតថា បច្ចុប្បន្ននេះ លោកយាយលោកតាទាំង២នាក់អាចបានមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក។

គួរបញ្ជាក់ជូនផងដែរថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

 

អត្ថបទដែលជាប់ទាក់ទង