នៅទីបំផុត, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភំ្នពេញសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងជួញដូរគ្រឿងញៀនទាំង១៣នាក់ នៅពន្ធនាគារព្រៃស
នៅទីបំផុត, នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភំ្នពេញ លោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងជួញដូរគ្រឿងញៀនទាំង១៣នាក់ នៅពន្ធនាគារព្រៃសហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
តាមដីការបស់លោកចៅក្រមស៊ើបសួរបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង១៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទ៖
*ទី១.រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
*ទី២.សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។
*ទី៣.សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការ ត្រួត ពិនិត្យគ្រឿងញៀន ។
*ទី៤.សមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។
*ទី៥.បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែង សាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។
*ទី៦.រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។
*ទី៧.កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីតំណាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យមួយក្រុមពាក់ពន្ធករណីក្រុមប្រដាប់អាវុធប្លន់ទណ្ឌិតយកចេញពីគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងមេខ្លោង និងបក្ខពួកចំនួន១១នាក់ និងក្រោយមកកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឃាត់ខ្លួនជសង្ស័យបាន២នាក់ទៀតនៅខេត្តសៀមរាប ដែលសរុបមានចំនួន១៣នាក់ រួមមាន៖១-ឈ្មោះ ចិន សិនហាន ភេទប្រុស ជនជាតិចិន ជាមេក្លោង ដែលតុលាការផន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាប ចំនួន៥២ឆ្នាំ ។ ២-ឈ្មោះ ស៊ឹម សឿម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្រែវាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។៣-ឈ្មោះ ក្លូអេ យិនរ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កើតនៅខេត្តជាំងស៊ូ ប្រទេសចិន។៤-ឈ្មោះ ផេវ ប្រាសិទ្ធសិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។៥-ឈ្មោះ សាវី សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។៦-ឈ្មោះ អិន ចាន់ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។៧-ឈ្មោះ សំ ដេវីដ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។៨-ឈ្មោះ រឹម សុផល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។៩-ឈ្មោះ សៀន ហ្វ្រូសសារ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតនៅប្រទេសហ្វីលីពីន។១០-ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចកក្រុង-ខេត្តសៀមរាប។១១-ឈ្មោះ ឈិន យៀកស៊ីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិន កើតនៅខេត្តលៀនប៉ែ កោះតៃវ៉ាន់ ប្រទេសចិន។១២-ឈ្មោះ ឆេង យូសេង។១៣-ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានជនប្រដាប់អាវុធ១ក្រុមមានគ្នាប្រមាណ៦នាក់ ដែលប្រដាប់ដោយអាវុធខ្លី តកាណុង បានសម្រុកចូលក្នុងគ្លីនិកធ្មេញមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ដែលសមត្ថកិច្ចពន្ធនាគារដឹកយកទៅព្យាបាល។
ក្រុមជនដៃដល់បានពាក់ឈុតខ្មៅ ពាក់របាំងមុខបិទជិត បាននាំគ្នាចូលទៅក្នុងគ្លីនិក ហើយធ្វើសកម្មភាពភ្ជង់ និងចងដៃសមត្ថកិច្ចពន្ធនាគារព័ទ្ធទៅក្រោយរុញបញ្ចូលទៅក្នុងបន្ទប់ព្យាបាលធ្មេញ។ ក្រុមជនប្រដាប់អាវុធទាំងនោះ រំដោះអ្នកទោសបានសម្រេចតាមរយៈរថយន្ត១គ្រឿង ដែលក្រោយមកពួកគេយកទៅប្លុងចោលមានចម្ងាយពីកន្លែងគ្លីនិកនោះប្រមាណ១គីឡូម៉ែត្រ៕