ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖គោលបំណងសំខាន់របស់ខ្ញុំគឺចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាកក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោដល់ប្រជាជន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា គោលបំណងសំខាន់របស់ខ្ញុំគឺ ចែករំលែកផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ដល់ប្រជាជនយើងតាមរយៈផ្តល់ឱកាស និងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅល្អអាចរស់នៅបាន មាននិរន្តភាពនៃប្រាក់ចំណូល និងបន្តរៀបចំផែនការប្រើប្រាស់ដី ដើម្បីលើកកម្ពស់ប្រយោជន៍សេដ្ឋកិច្ច។

ការថ្លែងបញ្ជាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO ATSHUSHI ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការចរចាសន្តិភាពនៅកម្ពុជា ដែលអាចធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ បានចុះហត្ថលេខា និងឈានដល់ការបោះឆ្នោតឆ្នាំ១៩៩៣ ហើយបានធ្វើឱ្យកម្ពុជារីកចម្រើនមកដល់ពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តនិរន្តរភាពនៃគោលនយោបាយអាណត្តិទី៧ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តនិរន្តរភាព គោលនយោបាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីធ្វើឱ្យមានប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់វិស័យដីធ្លី ជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។ ឯកឧត្តមក៏បានស្នើសុំឱ្យភាគីជប៉ុនពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀតនាពេលអនាគត រួមទាំងពិនិត្យលទ្ធភាពឱ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ក្នុងជំនួបខាងលើនេះទៀតសោត ភាគីជប៉ុនក៏បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រលើគម្រោងដែលមានពីមុន និងត្រៀមពិនិត្យលើគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត​ ព្រមទាំងបន្តជំរុញឱ្យអ្នកវិនិយោគទុន និងអ្នកទេចរណ៍ជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង