ឯកឧត្តម ឯម ច័ន្ទមករា ត្រូវបានរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងសង្គមកិច្ច
ឯកឧត្តម ឯម ច័ន្ទមករា ត្រូវបានឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្ដីសម្រេចតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យនៅក្រសួងសង្គមកិច្ច ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់រដ្ឋមន្រ្តី និងក្រសួងផ្ទាល់។
ការសម្រេចនេះធ្វើឡើងតាមរយៈសេចក្ដីសម្រេចមួយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមអ្នកនាំពាក្យមានភារកិច្ចដូចជា សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្ដ្រី និងរបស់ក្រសួង ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទំនាក់ទំនងជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តី និងក្រសួងសង្គមកិច្ច។
ជាមួយគ្នានេះក្រុមអ្នកនាំពាក្យត្រូវមានភារកិច្ច រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀត អំពីព័ត៌មានរបស់រដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងការផ្សាយរបស់គេហទំព័រនិងគ្រប់បណ្តាញសង្គមរបស់ក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
ក្នុងសេចក្ដីសម្រេចនេះ ក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនក្នុងកញ្ចប់ថវិកាខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី៕