ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិប្រតិកម្មច្រានចោល ក្រោយបែកធ្លាយកំណត់ហេតុចោទថា ទីតាំងដីលោក គង់ អៀក ពីមុនគឺជាទីប្រមូលផ្តុំនៃការបង្ហូរទឹកកខ្វក់ចេញពីតំបន់លំនៅដ្ឋាន ផ្ទះជួល អាជីវកម្មលាងយានយន្ត និងស្ថានីយ៍ប្រេង

ក្រោយមានការបែកធ្លាយកំណត់ហេតុចុះត្រួតពិនិត្យរោងចក្រកែច្នៃក្រដាស កំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃតី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មេមេភូមិត្បូងក្ដី, មេភូមិស្វាយមីង, អតីតជាជំទប់ទី២នៃឃុំបាគូរនិងប្រជាពលរដ្ឋបាននាំគ្នាប្រតិកម្មច្រានទាត់ចោលត្រង់ចំណុចដែលក្នុងកំណត់ហេតុខាងលើថា តាមការសាកសួរពីប្រជាពលរដ្ឋ និងការបំភ្លឺពីភាគីរោងចក្រ ទីតាំងដីលោក គង់ អៀក នេះពីមុនគឺជាទីប្រមូលផ្តុំនៃការបង្ហូរទឹកកខ្វក់ចេញពីតំបន់លំនៅដ្ឋាន ផ្ទះជួល អាជីវកម្មលាងយានយន្ត និងស្ថានីយ៍ប្រេងជាដើម គឺជារឿងមិនពិតនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

តាមប្រភពបានឲ្យដឹងបន្តថា ក្នុងកំណត់នោះ បានធ្វើឡើងក្នុងគោលបំណងដើម្បីគោរពជូនឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងលោកអគ្គនាយករងទទួលបន្ទុក ដោយមានការចុះហត្ថលេខាពីក្រុមការងារត្រួតពិនិត្យ មានលោក សារុន សំបូរ, លោក វង សាយ, លោកស្រី គន គឹមអន ,លោក ណាត ឌីវាសនា, លោក ស៊ូ ផល្លា, លោក ឡុង ចាន់វាសនា, លោក ព្រែក ចិន្ដា និងផ្ដិតមេដៃដោយតំណាងរោងចក្រឈ្មោះ Yeqingzuang ឈ្មោះ Taing Manak និងមានចុះហត្ថលេខាពីអ្នកធ្វើកំណត់ហេតុឈ្មោះ ចាប យុធី ទៀតផង។

ទាក់ទិនខ្លឹមសារក្នុងកំណត់ហេតុ ចំណុចខាងលើនេះ ប្រជាពលរដ្ឋឈ្មោះ សែម បូរិន អតីតជាជំទប់ទី២នៃឃុំបាគូរបានបដិសេធចោលទាំងស្រុងថា ទីតាំងដីលោក គង់ អៀក ពីមុនមិនមែនគឺជាទីប្រមូលផ្តុំនៃការបង្ហូរទឹកកខ្វក់ពីចេញពីតំបន់លំនៅដ្ឋាន ផ្ទះជួល អាជីវកម្មលាងយានយន្ត និងស្ថានីយ៍ប្រេងនោះទេ។ លោកបន្តថា លោកមិនឯកភាពចំពោះការលើកឡើងក្នុងកំណត់នោះទេ ពីដើមមកមានតែប្រជាពលរដ្ឋយកទឹកអូរ និងទឹកស្រះក្នុងដីលោក គង់ អៀក ប្រើប្រាស់ ធ្វើស្រែចម្ការ និងអាស្រ័យផល។លោកបន្តទៀតថា កាលពីមុនមកគឺពុំមានផ្ទះជួល ស្ថានីយ៍ប្រេង និងកន្លែងលាងឡាន លាងម៉ូតូទេ ទើបតែកើតមានឡើងក្នុងកំឡុងពេលរោងចក្រខាងលើកកើតប៉ុណ្ណោះ ហើយចំពោះបញ្ហាទឹកកង្វក់គឺបណ្ដាលមកពីការបង្ហូរចេញពីរោងចក្រខាងលើនេះតែម្ដង។

បើតាមមេភូមិត្បូងក្ដី លោក សំ ចន្ធី បានឲ្យដឹងដែរថា ចំពោះការលើកឡើងថា ទីតាំងដីលោក គង់ អៀក ពីមុនគឺជាទីប្រមូលផ្តុំនៃការបង្ហូរទឹកកខ្វក់ចេញពីតំបន់លំនៅដ្ឋាន ផ្ទះជួល អាជីវកម្មលាងយានយន្ត និងស្ថានីយ៍ប្រេងគឺមិនពិតនោះទេ ពីមុនមក ពុំមានផ្ទះជួល អាជីវកម្មលាងរថយន្ត លាងម៉ូតូ និងស្ថានីយ៍ប្រេងទេ។ លោកបន្តថា បើពិតគឺវាពិតឥឡូវនេះ ទើបតែមានរោងចក្រនេះកើតឡើង ដែលធ្វើឲ្យទឹកកង្វក់ប្រើប្រាស់លែងបាន ទើបប្រជាពលរដ្ឋ និងព្រះសង្ឃបាននាំគ្នាផ្ដិតមេដៃប្ដឹងឲ្យថ្នាក់ស្រុក ថ្នាក់ខេត្តជួយដោះស្រាយរហូតមកដល់សព្វថ្ងៃ ហើយនៅតែគ្មានដំណោះស្រាយ។

បើតាមមេភូមិស្វាយមីង លោក ហែម ជាង បានលើកឡើងថា ចំពោះការលើកឡើងថា ទីតាំងដីលោក គង់ អៀក ពីមុនគឺជាទីប្រមូលផ្តុំនៃការបង្ហូរទឹកកខ្វក់ចេញពីតំបន់លំនៅដ្ឋាន ផ្ទះជួល អាជីវកម្មលាងយានយន្ត និងស្ថានីយ៍ប្រេងគឺអត់ពិតទេ ការនិយាយនេះ និយាយឲ្យបានតែបង្ខូចឈ្មោះប្រជាពលរដ្ឋ។ លោកបន្តថា ទឹកកង្វក់នេះគឺទាក់ទងជាមួយរោងចក្រដែលលួចបង្ហូរទឹកកង្វក់ចូលអូរ ដែលសូម្បីតែដើមឈើក៏ងាប់ ត្រីក៏ងាប់ ហើយប្រើប្រាស់លែងបាន បើហ៊ានចុះទឹកនោះគឺរមាស់ភ្លាម។ លោក ហែម ជាង បានបន្តទៀតថា ពីមុនមកលោកធ្លាប់ចុះទៅពិនិត្យជាមួយគេពីរបីដងហើយ ឃើញថា ខាងរោងចក្រពិតជាបានលួចបង្ហូរទឹកកង្វក់ចូលអូរតាមលូ ក្រោយមក មានគេរករឿងខ្លាំងក៏បង្ហូរតាមលូតូចវិញ។ លោកបន្តទៀតថា កាលពីមិនទាន់មានរោងចក្រ ប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងអូរបាន ទឹកថ្លាល្អ អាចយកស្រោចដំណាំ ងូត បោកសម្លៀកបំពាក់បាន ប៉ុន្តែឥឡូវចូលអត់បានទេ សូម្បីតែដើមឈើក៏ងាប់ ត្រីក៏ងាប់ដែរ បើហ៊ានចុះទឹកហ្នឹងគឺរមាស់ណាស់។

បើតាមប្រជាពលរដ្ឋជាអតីតកម្មករឡឥដ្ឋដែលបានរស់នៅក្នុងភូមិឃុំខាងលើតាំងពីឆ្នាំ១៩៧៩ លោកស្រី លី ហៀង បានលើកឡើងថា ពីមុនមកប្រជាពលរដ្ឋអាចធ្វើស្រែចម្ការអាស្រ័យផលទឹកនោះបាន ហើយខ្លួនគាត់ផ្ទាល់ក៏អាចដាំព្រលិត ដាំត្រកួន បេះយកទៅលក់ចិញ្ចឹមជីវិតបាន ប៉ុន្តែបន្ទាប់ពីមានរោងចក្រមក គេធ្វើស្រែចម្ការលែងបានហើយ ព្រោះទឹកកង្វក់រមាស់ ធំក្លិនស្អុយថ្នាំ។ លោកស្រីបន្តថា មានគេធ្លាប់និយាយគំរាមទៀតថា បើមានអ្នកណាហ៊ាននិយាយប៉ះពាល់ដល់រោងចក្រខាងលើ គេប្ដឹង ដូច្នេះគាត់ក៏អត់ហ៊ាននិយាយដែរ។ លោកស្រីបន្តឲ្យទៀតថា តាំងពីទឹកកង្វក់ចេញពីរោងចក្រហ្នឹងចូលមក ដើមឈើគាត់ងាប់អស់ហើយ ដាំលែងបានហើយ។ ប៉ុន្តែដោយសារកត្តាជីវភាពគាត់ក៏ប្រថុយចុះទៅបេះព្រលិតបេះត្រកួនយកទៅលក់ ហើយក៏ធ្លាក់ខ្លួនឈឺ មានជាតិពុលច្រើនក្នុងខ្លួន ក្នុងថ្លើម វិលមុខ អស់កម្លាំង ទន់ដៃទន់ជើងហើយក៏ផ្អាកចុះទៅបេះមួយរយះធំ ប៉ុន្តែដោយសារតែកត្តាជីវភាពក្រលំបាក មិនដឹងរកស៊ីអីគាត់ក៏បានប្រថុយចុះទៅបេះព្រលិត ត្រកួនយកទៅលក់បាន២ដងទៀត ក៏ស្រាប់តែធ្លាក់ខ្លួនឈឺដាក់ស៊ឺរូមអស់២ប្លោកទៀត ហើយមកទល់ពេលនេះលោកស្រីលែងហ៊ានចុះទៅបេះទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង