មនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងយកដុំថ្មមួយដុំយ៉ាងធំគប់កញ្ចក់រថយន្ត បណ្ដាលឲ្យតៃកុងរងរបួសបែកចិញ្ចើមធ្ងន់

ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ នាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបំភ្លឺថា ករណីខាងលើ បានកើតឡើងនៅវេលាម៉ោង១៩៖៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ បែកអំបែងត្រូវអ្នកបើរបរឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឈ្មួញ សង្កាត់ដង្កោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពព័ត៌មានបានបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្ករបាន។

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធរតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្ករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង