ប៉ូលិសតាមស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងដេញវាយគ្នា នៅសង្កាត់បឹងទំពន់ទី១ បាន៤នាក់
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨៖០០នាទី សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា គឺប្រើកាំបិតប៉័ងតោ,ដុំថ្ម កាប់ និងវាយ នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង១០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបានបន្តថា សង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន៖១.ឈ្មោះ សែម ពន្លឺ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស។, ២.ឈ្មោះ ផុន សឹង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។៣.ឈ្មោះ សំអាង រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។និង៤.ឈ្មោះ រឿង ផាណា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣១BTភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។
ប្រភពបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានដកហូតវត្ថុតាងមួយចំនួន៖ ម៉ូតូចំនួន០២ គ្រឿង (ម៉ាកScoopy ពណ៌ក្រហម ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ១JF-៨៨៦១, ម៉ាកសេ១១០ ពណ៌ខ្មៅ ឆ្នាំ២០១២ ផ្លាកលេខភ្នំពេញ១IN-២៦១៤)។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕