អភិបាលខេត្តកំពង់ចាមបញ្ជាក់ថា រដ្ឋបាលខេត្តនឹងពិនិត្យមើលលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនដល់លោក ស៊ិន សែ ក្រោយឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះព័ត៌មានលើFacebook

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សម ផល្លា បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ទាក់ទងទៅនឹងលោក ស៊ិន សែ ជា ជនមានពិការភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ។

លោកស្រី សម ផល្លា បានបន្តថា នៅព្រឹក​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣​ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានចាត់លោក​ ស៊ន់​ ផល្លា​ និងរដ្ឋបាលឃុំ​ផ្ទះកណ្តាល​ជាក្រុមការងារចុះដល់ផ្ទះ​ លោក​ ស៊ិន សែ ជាជនពិការភាព ភេទ​ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិផ្ទះកណ្តាលក្រោម ផ្ទះកណ្ដាល ស្រីសន្ធរ កំពង់ចាម​។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានបន្តថា លោក​ ស៊ិន សែ ជាជនពិការភាព​មានបងប្អូនចំនួន៥នាក់​ ក្នុងនោះស្រី៤នាក់នៅលីវ២នាក់ តែចាស់ជរា។ បច្ចុប្បន្នបងស្រីរបស់លោក ស៊ិន សែ បានយក លោកទៅព្យាបាលជម្ងឺនៅភ្នំពេញរយៈពេល១ខែជាងហេីយ​។

លោកស្រីបានបន្តទៀតថា លោក ស៊ិន សែ បានសំភាសន៍ពិការភាពរួចហើយ រង់ចាំបណ្ណ័ពីក្រសួង។

លោកស្រីប្រធានមន្ទីរបានបន្ថែមថា រដ្ឋបាលឃុំផ្ទះកណ្តាល បានត្រៀមរៀបចំធ្វើប័ណ្ណមូលនិធិសុខាភិបាលជូនគាត់មួយទៀត តាមរយៈលោកអភិបាលស្រុក ប៉ុន្តែ​គាត់មិនទាន់ត្រឡប់មកពីភ្នំពេញ ដូចនេះពុំទាន់បានឯកសារភ្ជាប់​ ដេីម្បីរៀបចំ។

លោកស្រី សម ផល្លា បានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តនឹងពិនិត្យមើលលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនដល់លោក ស៊ិន សែ បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង