ប៉ូលិសក្រសួងមហាផ្ទៃដេញតាមចាប់ក្រុមចោរលួចកាច់កម៉ូតូបាន២នាក់ភ្លាមៗនៅខណ្ឌទួលគោក
កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបានចុះល្បាតតាមផ្លូវលេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈប្រទះឃើញក្រុមចោរ២នាក់បានកំពុងលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ក៏ដេញតាមបង្ក្រាប់ចាប់ឃាត់ខ្លួនបាន ភ្លាមៗកាលពីវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២។
ជនសង្ស័យបានទាំង០២នាក់រួមមាន៖ ទី១.ឈ្មោះ ម៉ៅ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ ជាអ្នកចុះកាច់កម៉ូតូ។ និងទី២.ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបេីក។
ចំពោះសម្ភារៈដកហូតបាន រួមមាន៖១.ម៉ូតូហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-6412 ជារបស់ជនរងគ្រោះ។ និង២.ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-6034 ជារបស់ជនសង្ស័យ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕