កម្ពុជា-ចិនរួមគ្នាពិនិត្យលទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីក្រុងប៉េកាំង
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ប្រាប់ឱ្យដឹងបែបនេះ ក្នុងឱកាសដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្រសួងសន្តិសុខសាធារណ: នៃសាធារណ:រដ្ឋប្រជាមានិតចិន នាទីក្រុងប៉េកាំង។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីចិនដឹកនាំដោយ ឯកឧត្តម វរ ហ្សៅ ជុន ( Wei Xiao Jun) អគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណ: ចិន។
ក្រោយកិច្ចប្រជុំនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ដឹងបន្តថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន និងឈរស្មារតី នៃកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន និងស្ថានភាពគ្រឿងញៀន និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក កិច្ចសហប្រតិបត្តិការបន្តពេលខាងមុខ បញ្ហាប្រឈមនានា និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕