សាហាវមែន, ក្រុមក្មេងស្ទាវខេត្តតាកែវអាយុទើប១២ឆ្នាំជិះម៉ូតូដេញវ៉ៃជនរងគ្រោះរហូតធ្លាក់ពីលើម៉ូតូស្លាប់
នៅវេលាម៉ោង១៥៖០០នាទីថ្ងៃអង្គារ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យ០២នាក់៖ ១.ឈ្មោះ អៀ សាន់យូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស និង២.ឈ្មោះ សោត ហួលីហេង ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស។
បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ បានធ្វើសកម្មភាពដេញវាយ ទៅលើជនរងគ្រោះឈ្មោះ រិត កុសល់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងចំការ ឃុំ ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ខណៈពេលកំពុងដេញ ជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។ដោយជនរងគ្រោះជិះម៉ូតូម៉ាកសង់ C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1Z-6043 ដែលមានឈ្មោះ មឿន ប៉េងហេង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងស្ទង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាអ្នកឌុប មូលហេតុទំនាស់ក្មេងទំនើង។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថាក្រោយពីទទួលបានព័ត៌មាននិងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អៀ សាន់យូ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ សោត ហួលីហេង ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ ដោយសារជាអនីតិជន៕