រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលខេត្តស្វាយរៀងបន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឲ្យដល់អាជ្ញាធរខេត្តស្វាយរៀងត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជា ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រី ឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព។

ការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងការអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយឯកឧត្តម ប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសឯកឧត្តម ម៉ែន វិបុល ដែលដល់អាយុចូលនិវត្តន៍។

ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងកោតសរសើរដល់លោក ម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំ និងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀង ឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងផ្តាំផ្ញើដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ជាមួយនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថ្លែងថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពូតដៃគ្នាដើម្បីអភិវឌ្ឍខេត្តស្វាយរៀង ឲ្យកាន់តែរីកចម្រើននៅថែមទៀត។ ព្រមទាំងលើកកម្ពស់ ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន និងសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងឲ្យបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍ដ៏ឧត្ដុងឧត្ដមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់នូវបាវចនា៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព។ គោលដៅយុទ្ធសាស្រ្ត៥ រួមមាន ការធានាឱ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឱ្យបានកាន់តែច្រើន, ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយនឹងបាវចនា និងគោលដៅយុទ្ធសាស្រ្តខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្វារៀង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាលសង្កត់ធ្ងន់នូវកិច្ចការសំខាន់ៗមួយចំនួនដែលរដ្ឋបាលខេត្ត គប្បីយកចិត្តទុកដាក់បន្តអនុវត្ត ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន, ការផ្តល់សេវាសាធារណៈ ដោយយកចិត្តទុកដាក់តាមដាន ទទួល ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ស្របគ្នានេះ បន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការងារផ្ទេរមុខងារពីថ្នាក់ជាតិ ដែលត្រូវក្ដាប់ឱ្យជាប់។

ឯកឧត្ដមអភិសន្តិបណ្ឌិតក៏ជំរុញលើកទឹកចិត្តដល់គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត បន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីប្រសិទ្ធភាពការងារ៕

អត្ថបទដែលជាប់ទាក់ទង