ស្នងការខេត្តបន្ទាយមានជ័យបញ្ជាឲ្យតាមចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវ២ក្រុមដេញកាប់គ្នានៅមុខហាងស្រាក្រឡុករហូតបាន២នាក់
លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាខេត្តបន្ទាយមានជ័យ បានបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណឲ្យដឹកនាំចុះស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនដៃដល់រួមជាមួយវត្ថុតាងមួយចំនួននៅវេលាម៉ោង៦:០០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ពាក់ព័ន្ធករណីក្មេងស្ទាវ ២ក្រុមដេញកាប់គ្នា នៅវេលាម៉ោង២ ឈាងចូលម៉ោង០៣ទាបភ្លឺថ្ងៃទី៧ កញ្ញា នៅចំណុចទីតាំងស្រាក្រឡុក ទល់មុខបបរសក់វែង សួនមានជ័យ (វេទិកាខេត្ត) ខណៈពេលដែលពួកគេបានរត់គេចខ្លួនសម្ងំនៅទីតាំងផ្ទះជួលមួយកន្លែងនៅទីតាំងផ្លូវលេខ៥ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ករណីក្មេងស្ទាវកាប់គ្នាទាំងពីរក្រុមនេះ សមត្ថកិច្ចបានធ្វើស្រាវជ្រាវឃើញ៖ក្រុមទី១ ជាបុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ (វេទិការខេត្ត) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ និងក្រុមទី២ ជាបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន ផ្លូវលេខ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីភ័ណ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ជាមួយគ្នានឹងការចុះឃាត់ខ្លួននោះ លោក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនជនបង្ក ជាជនដៃដល់យកទៅមូលដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំស្រាវជ្រាវរកបក្ខពួកបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕