បង្ក្រាបក្រុមឧក្រិដ្ឋជនបាន៥នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់
កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក១០ បានបង្ក្រាបនិងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន-ខ្មែរចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម និងរុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម នៅ២គោលដៅផ្សេងគ្នា។
ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១០ នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់(ស្រី០១) និងវត្ថុតាងមួយចំនួន។
ជនសង្ស័យទាំង៤នាក់រួមមាន៖
១៖ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។,២-៖ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។,៣៖ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។,៤-៖ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។,៥៖ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ កំណើតៈ ១៥ មេសា ១៩៨១។
ចំពោះវត្ថុតាងចាប់បានរួមមាន៖សារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម, រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម, អាវុធខ្លីចំនួន ១ដើម។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី៕