លោក ចេង ឌីណា៖ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ

លោក ចេង ឌីណា បានគូសបញ្ជាក់ថា «ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី ក្នុងស្រុកខ្សាច់កណ្ដាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព»។

ការគូសបញ្ជាក់របស់លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ក្នុងឱកាសអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ទ ជូនដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកស្អាង នៅសាលាស្រុកខ្សាច់កណ្ដាល នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

គួរជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid មានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល។

ក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ លោកអភិបាលស្រុកគូសបញ្ជាក់ទៀតថា «បញ្ហាទឹកស្អាត និងអនាម័យបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០%។ ដូច្នេះស្ត្រីជាថ្នាក់ដឹកនាំឃុំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព»។

ជាមួយនោះ លោក ចេង ឌីណា បានបន្តលើកឡើងថា៖ វគ្គបណ្ដុះបណ្ដាលថ្ងៃនេះគឺមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមពីចំណេះដឹង និងជំនាញ ក្នុងការសម្របសម្រួល ការនិយាយជាសាធារណៈ ការស្វែងរកការគាំទ្រ ព្រមទាំងទំនុកចិត្ត និងភាពជាអ្នកដឹកនាំ ក្នុងការវិភាគស្ថានភាព និងទំនាក់ទំនងរវាងយេនឌ័រ និងទឹកស្អាត អនាម័យ។

ទន្ទឹមនោះ លោកអភិបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី បានយល់ដឹងអំពីការងារសម្របសម្រួល យល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ចេះសហការគ្នា និងបង្កើនភាពស្និទ្ធស្នាលដោយធ្វើការងារជាក្រុមពាក់ព័ន្ធជាមួយការងារទឹកស្អាត និងអនាម័យ ហើយសង្ឃឹមថាប្រជាពលរដ្ឋ និងមានការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថតាមរយៈក្រុមការងារស្ត្រីប្រចាំឃុំ ដោយងាកមកប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព។

ទាក់ទិនវគ្គបណ្ដុះបណ្ដាលខាងលើនេះដែរ កញ្ញា ទន់ ឌឿន តំណាងអង្គការ WaterAid បានលើកឡើងថា បេសកកម្មរបស់អង្គការ WaterAid មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញនិងលើកកម្ពស់លើវិស័យអនាម័យ និងទឹកស្អាត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រុសស្រឡើងបន្ថែមទៀត។

តំណាងអង្គការ WaterAidរូបនេះ ក៏បានបន្ថែមទៀតថា៖ កាលពីពេលថ្មីៗទៅនេះ ខេត្តកណ្ដាលបានសម្រេចនូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ODF ទូទាំងខេត្តកណ្ដាល ហើយស្រុកខ្សាច់កណ្ដាលក៏ត្រូវបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ODF។ ហើយនៅក្នុងវគ្គខាងលើនេះ កញ្ញា ទន់ ឌឿន ក៏បានសង្ឃឹមយ៉ាងមុខមាំផងដែរថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះនឹងធ្វើឱ្យស្រុកខ្សាច់កណ្ដាលអាចឈានទៅដល់ការទទួលបាននូវការ ODF Plus នាពេលខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង