ស្ពានបេតុងខ្សែកាបនឹងតភ្ជាប់ពីទីក្រុងកោះពេជ្រទៅទីក្រុងកោះនរា នៅថ្ងៃទី១២ ខែកញ្ញាខាងមុខ
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់ ស្ពានបេតុងខ្សែកាប ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២ភាគរយ ហើយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធតភ្ជាប់ស្ពានបេតុងខ្សែកាបនេះ។
លោកបានបញ្ជាក់ឱ្យដឹងនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ថា តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធី បុណ្យអុំទូក។ ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរណ៍ពីតំបន់ភូមិសាស្ត្រក្នុងរាជធានី ទៅកាន់តំបន់ ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅ លើស្ពានព្រះមុនីវង្សទាំងពីរ។
នេះជាសមិទ្ធផលថ្មីមួយទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានទុកសម្រាប់ ឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់សម្រាប់ផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀតផងដែរ។
គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា បានបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ មានទទឹង២៤.៥០ ម៉ែត្រ គ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា ៣៨លាន ដុល្លារ ដែលជាថវិកាបដិភាគវិនិយោគរបស់ក្រុមហ៊ុន OCIC រួមជាមួយថវិការបស់រដ្ឋបាល រាជធានីភ្នំពេញ៕