នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ណែនាំកីឡាករទាំងអស់ត្រូវគោរពវិន័យ គោរពពេលវេលា ហ្វឹកហាត់ឲ្យបានទៀងទាត់ ស្តាប់គ្រូបង្ហាត់ ព្យាយាម អំណត់ ដើម្បីទទួលបានចំណេះជំនាញនិងបទពិសោធល្អ​ៗ​បន្ថែមទៀត

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានធ្វើការណែនាំដល់កីឡាករទាំងអស់ត្រូវគោរពវិន័យ គោរពពេលវេលា ហ្វឹកហាត់ឲ្យបានទៀងទាត់ ត្រងត្រាប់ស្តាប់គ្រូបង្ហាត់ ព្យាយាម អំណត់ ដើម្បីទទួលបានចំណេះជំនាញ និងបទពិសោធល្អបន្ថែមទៀត។

ការណែនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនិងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល Pre-Season និងប្រកួតដកស្រង់បទពិសោធន៍ ជាមួយក្លឹបកីឡាបាល់ទាត់នានា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

គួរជម្រាបជូនថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ តែងតែបានអនុញ្ញាតនិងរៀបចំឲ្យក្រុមកីឡាករបាល់ទាត់ក្រសួងមហាផ្ទៃបានចូលរួមប្រកួតជាមិត្តភាពមុនបើករដូវកាល Pre-Season និងបានចូលរួមប្រកួតដកស្រង់បទពិសោធន៍ជាមួយក្លឹបកីឡាបាល់ទាត់នានា រួមមាន៖

*ទី១៖ ការប្រកួតរវាងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ (ខ) លទ្ធផល ៤-០ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

*ទី២៖ ការប្រកួតរវាងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងអាយ អេស អាយ ដង្កោសែនជ័យ (ខ) ជាលទ្ធផល ១-០ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

*ទី៣៖ ការប្រកួតរវាងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លឹបបាល់ទាត់បឹងកេត ជាលទ្ធផល ២-១ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាមួយនោះ ឯកឧត្តមប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានបន្តថ្លែងថា ទោះបីជាលទ្ធផលទាំងអស់នេះ មិនមែនជាលទ្ធផលនៃការប្រកួតផ្លូវការក៏ដោយ ប៉ុន្តែគឺជាលទ្ធផលក្នុងការដកស្រង់បទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗទៀត និងក៏ជាការឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កីឡាករ គ្រូបង្វឹក និងសមាជិកក្រុមទាំងអស់ផងដែរ។

គួរជម្រាបជូនផងដែរថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ នៅតែប្រកាន់ភ្ជាប់នូវគំនិតជាតិនិយម តែងតែជ្រើសរើសកីឡាករដែលជាកូនខ្មែរសុទ្ធសាធដើម្បីចូលរួមគ្រប់ការប្រកួតដោយមិនមានកីឡាករបរទេសឡើយ៕

អត្ថបទដែលជាប់ទាក់ទង