ប៉ូលិសក្រុងសិរីសោភ័ណបង្រ្កាបក្រុមក្មេងទំនើង២ក្រុម ឃាត់ខ្លួនបាន១៦នាក់

កម្លាំងមន្ត្រីនគរបាលក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣បានបង្ហាញក្រុមក្មេងទំនើងចំនួន១៦នាក់ដែលបានបង្កអសន្តិសុខក្នុងសង្គមទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី។

បើតាមលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង២៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យមុខកន្លែងស្រាក្រឡុកស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីហឹង្សាទៅវិញទៅមកមានខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្មបង្កដោយក្រុមក្មេងទំនើង២ក្រុមធ្វើឲ្យខូចខាតម៉ូតូ។

លោកអធិការបន្តថា ក្រុមទី១មានគ្នា៤នាក់ ជាបុគ្គលិកលក់ស៊ុបពីររសជាតិ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រដាប់ដោយកាំបិតចំនួន២ដើម ជិះម៉ូតូ០២គ្រឿង។ ក្រុមទី២ មានគ្នីគ្នា១៣នាក់ ស្រី១នាក់ ម៉ូតូ៣គ្រឿង ។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចុះស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម បានជាបន្តបន្ទាប់១២នាក់ ស្រី១នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន៤នាក់ សរុបចំនួន១៦នាក់។

លោកអធិការបានបន្តថា តាមការសាកសួរចម្លើយ រឿងរ៉ាវដែលបង្កឲ្យកើតមានហិង្សានេះ គឺដោយសារតែក្រុមទី២ បង្កហេតុមុនទើបក្រុមទី១ ទៅហៅគ្នីគ្នាមានកាន់ដាវមកដេញកាប់ក្រុមទី២ បណ្តាលឲ្យរងរបួស១នាក់ ត្រង់ត្រចៀកខាងឆ្វេង និងខ្នងស្រាល បន្ទាប់មកក្រុមទី២ ប្រដាប់ដោយកាំបិតតាំងតោ កាំបិតខ្វែវ ដុំថ្ម ដបស្រា កៅអីជ័រ ដេញកាប់ និងគប់ទៅលើក្រុមទី១វិញ ធ្វើក្រុមទី១រត់ចោលម៉ូតូ១គ្រឿងក៏ត្រូវក្រុមទី២កាប់ឲ្យខូចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង