នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាភ្លាមៗឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មីឆ្នាំ២០២៣
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដាក់ចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី នៃអាណត្តិថ្មីនេះ។
ការដាក់ចេញនូវបទបញ្ជាភ្លាមៗ ធ្វើឡើងបន្ទាប់ពីសម្តេចមហាអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាទទួលបាននូវសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣។
តាមរយៈសារសំឡេងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ។ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ វិធីប្រឡង នៅក្នុងឆ្នាំ២០២៣នេះ។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះខមផូនិនសំខាន់ គឺការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តី ចាប់ពីពេលនេះទៅរហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ខាងមុខរួច»៕