ឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អញ្ជើញបិទវគ្គស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” 

លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្តីពី “ការពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំដល់នគរបាលនារី” នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក រស់ ចន្ទ័សោភា បានគូសបញ្ជាក់ថា ចំណុចដែលសិក្ខាកាមបានទទួលពីវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ៖
១៖បានរៀបចំគោលដៅជីវិត ទោះបីជាមិនទាន់បានពេញលេញ គ្រប់ជ្រុងជ្រោយ តែវាជាការចាប់ផ្តើមដ៏ល្អ ដែលពីមុនមិនធ្លាប់បានគិត ឬធ្លាប់បានគិតដែរតែមិនធ្លាប់បានយកមកគូសវាស។
២៖ បានរៀនសូត្រលើសពីការងារ ពោលគឺទាក់ទងនឹងគ្រួសារ ប្តីប្រពន្ធ និងការចិញ្ចឹមកូន ការចូលរួមក្នុងសង្គម។
៣៖ បានធ្វើការងារជាក្រុម រៀនសូត្រពីគន្លឹះក្នុងការដឹកនាំការងារជាក្រុមបែបសាមញ្ញងាយៗ តែមានប្រសិទ្ធិភាពក្នុងការអនុវត្ត។
៤៖ បានលេងហ្គេមកំសាន្តសប្បាយបង្កប់នូវការអប់រំ រីករាយស្រស់ស្រាយ។
៥៖ បានរៀបចំផែនការជីវិតនិងការងារសម្រាប់ការអភិវឌ្ឍខ្លួន និងអាជីពការងារ។
៦៖ បានរៀនសូត្រចំណេះដឹងថ្មីជាច្រើនជ្រុងនៃជីវិត និង រំលឹកនូវចំណេះដឹងចាស់ឱ្យកាន់តែច្បាស់។

លោកស្រីឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិបានបន្តថា ទោះបីវគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរួមចំណែកកាត់បន្ថយវិសមភាពយេនឌ័រនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងសង្គម។

ជាមួយនោះ លោកស្រីឧត្តមសេនីយ៍ឯកសូមថ្លែងអំណរគុណដោយស្មោះចំពោះវត្តមានចូលរួមរបស់ លោកជំទាវ លោក លោកស្រី និងអ្នកគ្រូឧទ្ទេស ដែលធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះបិទបញ្ចប់ទៅដោយភាពជោគជ័យ និងសាមគ្គីភាព ពិសេសសិក្ខាកាមទាំងអស់នឹងយកចំណេះដឹងទាំងនេះទៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារបញ្ជ្រាបយេនឌ័ររបស់នគរបាលជាតិកម្ពុជា និងជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ក្នុងការពង្រឹងសមត្ថភាពយេនឌ័រ ដើម្បីមានសមភាពក្នុងការងារ និងគម្លាតយេនឌ័រ ព្រមទាំងកាត់បន្ថយនិងឈានទៅលុបបំបាត់ទាំងស្រុងនូវភាពរើសអើងទាំងស្រុងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង