តំណែងមេបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលបានទៅលើឯកឧត្តម គង់ សោភ័ណ្ឌ ខណៈឯកឧត្ដមប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងបំពេញការងារ ដោយគោរពតាមគោលការណ៍ណែនាំរបស់គណបក្ស

ឯកឧត្តម គង់ សោភ័ណ្ឌ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានប្រកាសជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានសំដែងនូវអំណរគុណ និងការគោរពដឹងគុណជាទីបំផុត សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដែលបានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាបំផុត និងការជឿជាក់ទុកចិត្តមកលើរូបឯកឧត្ដម ប្រគល់ភារកិច្ច តែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដើម្បីដឹកនាំគណបក្សខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះប្រមុខថ្នាក់ដឹកនាំគណបក្ស និងគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនិរន្តភាពដឹកនាំការងារគណបក្សខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាងការពារមាតុភូមិ កម្ពុជា ឆ្នាំ២០២៣- ២០២៨ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត, សាខាមន្ទីរ អង្គភាព ជុំវិញខេត្ត, គណបក្សក្រុង ស្រុក ឃុំ សង្កាត់, ព្រមទាំងក្រុមការងារ សាខាគណបក្ស គ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីជាធ្លុងមួយ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជាដ៏រុងរឿង។

ដើម្បីជាការតបស្នងចំពោះការផ្តល់នូវជំនឿទុកចិត្ត ប្រគល់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដល់រូបឯកឧត្ដមឲ្យបំពេញបេសកកម្ម បន្តវេនដឹកនាំគណបក្សគ្រប់ថ្នាក់ ក្នុងខេត្តកណ្តាល និងដើម្បីជាសក្ខីភាព នៃការគោរពដឹងគុណ ដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្ស និងដើម្បីឆ្លើយតបទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ សូមប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងបំពេញការងារ ដោយគោរពតាមគោលការណ៍ណែនាំ របស់គណបក្ស ពិសេស ពិសេសប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង អនុវត្តឲ្យបានសកម្មខ្លាំងក្លា មុះមុត រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង