កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំនិងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជាក្នុងវិស័យនយោបាយការទូតកម្រិតតំបន់និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។
ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថាសំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ?
ឯកឧត្តម ប៉ែន បូណា បានអះអាងថា ទីបំផុត វិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក។ បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់និងអន្តរជាតិរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឲ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ៖
*ទី១៖ អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើររបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះគឺជាដំណើរការនីតិវិធីស្របតាមច្បាប់កម្ពុជាទាំងស្រុងដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧មានលក្ខណៈស្របច្បាប់យ៉ាងពេញលេញដោយមិនអាចប្រកែកបាន។
*ទី២៖ អំពីកិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់តាំងពីក្រោយការជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារអបអរសាទរពីសំណាក់ប្រទេសជាមិត្តបានធ្លាក់មកជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយនៃពិភពលោក។ រហូតមកទល់ពេលនេះ មានមេដឹកនាំបរទេសជាង ៥០ ប្រទេសនិងស្ថាប័នរាប់ទាំងប្រទេសមហាអំណាចនិងអគ្គលេខាធិការអង្គការសហកប្រជាជាតិផងបានបន្តផ្ញើសាអបអរសាទរដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំប្រទេសធំៗផ្សេងទៀតសុទ្ធតែបានសម្តែងការសាទរនិងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការចូលរួមប្រជុំស្មើមុខមាត់គ្នាជាមួយប្រទេសដទៃគឺជាតម្លៃដែលប្រទេសក្នុងតំបន់និងពិភពលោកផ្តល់ជូនកម្ពុជាក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។
ទន្ទឹមនោះ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា បានគូសបញ្ជាក់ថា សរុបមកវិញ លើសពីភាពស្របច្បាប់ដែលខ្លួនទទួលបានយ៉ាងពេញលេញស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនិងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងយ៉ាងឆាប់រហ័សនៅលើឆាកតំបន់និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែងនិងដឹកនាំដ៏ប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជា៕