សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅអគ្គស្នងការនគរបាលជាតិពិនិត្យមើលឡើងវិញករណីតែងតាំងមេប៉ុស្តិ៍ម្នាក់ដែលមានជាប់ពាក់ព័ន្ធទៅនឹងអំពើប្លន់កាលពីឆ្នាំ២០១៥

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅដល់អគ្គស្នងការនគរបាលជាតិធ្វើការជាមួយនឹងស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ពិនិត្យមើលឡើងវិញករណីដែលថាមានការតែងតាំងមេប៉ុស្តិ៍ម្នាក់ដែលមានជាប់ពាក់ព័ន្ធទៅនឹងអំពើប្លន់កាលពីឆ្នាំ២០១៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើ Facebook Page នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»

ជាមួយនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។

គួរជម្រាបជូនថា ការបញ្ជាឲ្យពិនិត្យជាបន្ទាន់ឡើងវិញនេះគឺបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា លោកស្នងការខេត្តកំពង់ធំបានតែងតាំង លោក ហុង សារ៉ុម ជាមេប៉ុស្តិ៍ឃុំសំព្រោជ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីភូមិឃុំមានសុវត្ថិភាព ខណៈឈ្មោះ ហុង សារ៉ុម នេះមានជាប់ពាក់ព័ន្ធ និងប្លន់ បុកទូមាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ បានមាសសរុបជាង ១៥០តម្លឹង៕

អត្ថបទដែលជាប់ទាក់ទង