ចាប់ឃាត់ខ្លួនបានហើយ ជនអនាមិកដែលបានលួចក្លែងបន្លំឈ្មោះ Telegram ស្នងការនគរបាលខេត្តកណ្តាលឆាតទៅខ្ចីលុយអភិបាលខេត្តកណ្ដាល

នៅទីបំផុត, ជនអនាមិកដែលបានលួចក្លែងបន្លំឈ្មោះ Telegram របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឆាតទៅសុំខ្ចីលុយអភិបាលខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាលចាប់ឃាត់ខ្លួនបានហើយ។

បើតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បុគ្គលដែលបានក្លែងបន្លំឈ្មោះនិងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមកត្រូវបានលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំខាងលើបានហើយនៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលបានបន្តថា ជនសង្ស័យឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។

ប្រភពព័ត៌មានខាងលើបន្ថែមថា បច្ចុប្បន្នកម្លាំងជំនាញបានកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលប្រើលេខទូរស័ព្ទផ្លូវការតែមួយគត់គឺ ០១៧ ៧៨៧ ៦៦៦៕

អត្ថបទដែលជាប់ទាក់ទង