ពិតជាគ្រោះថ្នាក់មើលមិនឃើញមែន, បុរសម្នាក់កាប់ឬស្សីធ្លាក់ចូលអូរ បុកប៉ះគ្រាប់មីន បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់

បុរសម្នាក់ទៅកាប់ឬស្សីធ្លាក់ចូលអូរ បុកប៉ះគ្រាប់មីន បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងលិចល្អាងភ្នំបាដាក ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាក់ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសភ្លៅខាងស្តាំ និងដងខ្លួន។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនរងគ្រោះបានទៅកាប់ឬស្សីនៅចំណុចកើតហេតុខាងលើរួចបានបោះឬស្សីឆ្លងអូរ បណ្តាលឲ្យឬស្សីធ្លាក់ចូលអូរបុកប៉ះគ្រាប់មីន ទើបបណ្តាលឲ្យផ្ទុះរងរបួសតែម្តង។

ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះធ្វើការត្រួតពិនិត្យនិងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង