ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលស្នើមន្ត្រីទាំងអស់ត្រូវស្វែងយល់ពីគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តឱ្យកាន់តែកែចំរើន

 

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម នូ សាខន និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥២ អាណត្តិទី៣។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានស្នើឱ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំសិក្សាស្វែងយល់ដឹងអំពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ទុកជាមូលដ្ឋានដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តកណ្ដាលឱ្យកាន់តែកែចំរើនថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាមួយនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត ជំរុញដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតាមដាននូវរាល់ប្រសាសន៍សំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីស្វែងយល់ និងអនុវត្តតាមឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស មន្ត្រីទាំងអស់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារល្អ មានសាមគ្គីភាពឯកភាពផ្ទៃក្នុង និងត្រូវព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយភ្ជាប់នឹងជំនាញព័ត៌មានវិទ្យា និងឌីជីថល។ ឯកឧត្ដមក៏បានជំរុញដល់ មន្ទីរដែនដី នគរូបនីកម្ម សំណង និងសូរិយោដីខេត្ត ត្រូវខិតខំចុះធ្វើប័ណ្ណកម្មសិទ្ធដីធ្លីលក្ខណៈជាប្រពន្ធ័ ឱ្យបានលឿនជូនប្រជាពលរដ្ឋទូទាំងខេត្ត ។ គណៈបញ្ហាការឯកភាពក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរ ​ត្រូវពង្រឹងលើការអនុវត្តគោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

គួរជម្រាបថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា សរុបមានចំនួន ១២របៀបវារៈសំខាន់ៗ៕

អត្ថបទដែលជាប់ទាក់ទង