ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យមានការត្រៀមប្រយុទ្ធខាងយោធាខ្លាំងជាងមុន

ក្នុងអំឡុងពេលនៃការត្រួតពិនិត្យកងទ័ពជាក្រុមដែលមានទីស្នាក់ការនៅភាគឦសានប្រទេសចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ព។

លោក ស៊ី ជីនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានធ្វើការកត់សម្គាល់ខាងលើនេះនៅពេលដែលលោកធ្វើការត្រួតពិនិត្យកងទ័ពក្រុមទី៧៨។

លោក ស៊ី បានជួបជាមួយតំណាងនៃក្រុមកងទ័ព ហើយបានថតរូបជាមួយពួកគេទុកជាអនុស្សាវរីយ៍។ លោកបានសរសើរដល់កងកម្លាំងយោធា និងប៉ូលិសប្រដាប់អាវុធដែលមានភាពរហ័សរហួន និងមានការចូលរួមយ៉ាងក្លាហានក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ នៅពេលដែលមានទឹកជំនន់វាយប្រហារតំបន់ភាគខាងជើង និងភាគឦសានរបស់ប្រទេស។

លោក ស៊ី បានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អកម្រិតនៃការត្រៀមខ្លួនប្រយុទ្ធ ពង្រឹងការបណ្តុះបណ្តាលមុខវិជ្ជាសំខាន់ៗ និងកសាងសមត្ថភាពក្នុងការប្រយុទ្ធថ្មី។

លោក ស៊ី ក៏បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់នៃការពង្រឹងការកសាងបក្ស រក្សាបាននូវកម្រិតកំពូលនៃសុចរិតភាព និងឯកភាពនៃកងកម្លាំងប្រដាប់អាវុធ និងធានាថាយោធាមានស្ថិរភាព និងសន្តិសុខ៕

ប្រភព៖ ភីបផលដេលី

អត្ថបទដែលជាប់ទាក់ទង