បែកធ្លាយ ថៅកែក្រុមហ៊ុន សាន់ ហ្វីត ប្ដឹងមន្ត្រីពន្ធដារខណ្ឌសែនសុខម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទ «ឆបោកប្រាក់»
លោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត ខេមបូឌា បានប្ដឹងបុគ្គលម្នាក់ឈ្មោះ រស់ សុមេធ ជាមន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ ទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពីបទ «ឆបោកប្រាក់»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមប្រភពព័ត៌មានពីលោកស្រី យូ គាវ បានឲ្យដឹងថា លោក រស់ សុមេធ បានធានាម៉ៅការ ទទួលប្រាក់ពីលោកស្រីជាង៣០០០០ដុល្លារ យកទៅកែច្នៃរៀបចំឯកសារក្លែងដើម្បីរត់ការបង់ពន្ធផ្ដាច់ លើទំហំទឹកប្រាក់ជាង៥០០០០ដុល្លារដែលក្រុមហ៊ុនរបស់គាត់បានជំពាក់រដ្ឋ។ លោកស្រីបន្តថា ក្រោយប្រគល់ប្រាក់ដល់ដៃហើយ បែរជាលោក រស់ សុមេធ មានចេនាមិនល្អ គេចវេះលើកពេលរហូត និងផ្ដាច់ទំនាក់ទំនង ទើបឈានដល់ប្ដឹងទៅតុលាការ។
គួរជម្រាបជូនថា ដើមបណ្ដឹងឈ្មោះ យូ គាវ ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត ខេមបូឌា។
បើតាមប្រភពីក្រុមគ្រួសារលោកស្រី យូ គាវ បានអះអាងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែកញ្ញានេះថា ដំបូងឡើយក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា)របស់ខ្លួនបានរកស៊ីខាត និងជំពាក់ប្រាក់រដ្ឋចំនួន៥០៧៥៧ដុល្លារ។ ទន្ទឹមនោះ ស្រាប់តែលេចមុខ លោក រស់ សុមេធ មកអះអាងថា រូបគេជាមន្ត្រីពន្ធដារស្រាប់ ស្គាល់គេឯងច្រើន និងធានារៀបចំឯកសារបែបបទផ្សេងៗ ក្នុងការបង្វែរពីបង់ពន្ធអស់ច្រើនមកតិច សម្រាប់រត់ការបង់លុយផ្ដាច់ទាំងអស់ ដែលក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា) បានជំពាក់រដ្ឋចំនួន៥០៧៥៧ដុល្លារ ដោយចំណាយត្រឹមតែ ៣៤២៥៦ដុល្លារប៉ុណ្ណោះ និងចប់សព្វគ្រប់។
ប្រភពព័ត៌មានបានឱ្យបន្តថា ដោយជឿតាមការអះអាងនិងបញ្ចុះបញ្ចូលពីសំណាក់លោក រស់ សុមេធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី យូ គាវ ម្ចាស់ក្រុមហ៊ុន សាន់ ហ្វីត (ខេមបូឌា) បានប្រគល់ប្រាក់ចំនួន៣៤២៥៦ដុល្លារ ឱ្យទៅលោក រស់ សុមេធ មន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ តាមការព្រមព្រៀងនិងនិយាយគ្នា។
ប្រភពបន្តទៀតថា ព្រោះការជឿទុកចិត្តពេក ទើបការប្រគល់ប្រាក់ឱ្យលោក រស់ សុមេធ ពីសំណាក់លោកស្រី យូ គាវ នៅពេលនោះ ពុំបានធ្វើលិខិតទទួល ឬវិក្កិយបត្របញ្ជាក់នោះទេ។ ដោយគ្រាន់តែ ធ្វើជាលិខិតទទួលឯកសារទុក សម្រាប់ផ្ទៀងផ្ទាត់ ដោះស្រាយបញ្ហាបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ។ ដោយភាគីទាំងសងខាង ចាត់ទុកការរត់ការនេះ ជារឿងសម្ងាត់ ដែលត្រូវលាក់បាំង ទើបមិនសរសេរបញ្ជាក់ពីការប្រគល់-ទទួលប្រាក់ក្នុងលិខិត។
ប្រភពបន្ថែមថា បន្ទាប់ពីប្រគល់ប្រាក់ឱ្យ លោក រស់ សុមេធ ហើយនោះ លោកស្រី យូ គាវ នឹកស្មានថា ចប់រឿងរ៉ាវអស់ហើយ ព្រោះរត់ការបង់ពន្ធរួច។ លុះដល់កំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែអគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹងឱ្យក្រុមហ៊ុនខ្លួនបំពេញកាតព្វកិច្ច ចូលបង់ពន្ធ ទើបនាំគ្នាភ្ញាក់ខ្លួនព្រឺតថាលោក រស់ សុមេធ ពុំទាន់ចាត់ចែងបង់ពន្ធនោះទេ ហើយក៏ទាក់ទងសួរនាំជាបន្តបន្ទាប់។
ប្រភពខាងលើឲ្យដឹងបន្តថា លោក រស់ សុមេធ តែងតែពន្យារ និងលើកពេលពីមួយខែ ទៅមួយខែ ពី១ឆ្នាំទៅ១ឆ្នាំ ម្ដងថ្ងៃនេះម្ដងថ្ងៃនោះមិនចប់មិនហើយ រហូតដល់កំឡុង ដើមឆ្នាំ២០២៣ ស្រាប់តែលោក រស់ សុមេធ គេចវេះផ្ដាច់ទំនាក់ទំនង ប្លុកលេខ លុបTelegram ទាក់ទងលែងបាន។ ទើបលោកស្រី យូ គាវ បានប្ដឹងលោក រស់ សុមេធ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ។ឆបោកលុយជាង៣០០០០ដុល្លារតែម្ដងទៅ។
គួរជម្រាបថា ពាក់ព័ន្ធបណ្ដឹងមួយនេះ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានកោះហៅលោក រស់ សុមេធ ឱ្យចូលបំភ្លឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែសាម៉ីខ្លួន ពុំមានវត្តមានចូលបំភ្លឺនោះឡើយ។
ទាក់ទិនករណីខាងលើ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានបានព្យាយាមសុំការបកស្រាយបំភ្លឺពីលោក រស់ សុមេធ មន្ត្រីសាខាពន្ធដារខណ្ឌសែនសុខ តាមរយៈលេខ 017 534 546 និងលេខ 069 534 546 ប៉ុន្តែមិនអាចទាក់ទងបានទេ។
ជុំវិញករណីនេះ បណ្ដាញសារព័ត៌មានយើងនៅបន្តរង់ចាំបកស្រាយបំភ្លឺពីសាម៉ីខ្លួន ដែលរងការចោទប្រកាន់រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយបន្តទៀត៕