ប៉ូលិសប៉ុស្តិ៍បឹងកក់ទី២បានឃាត់ខ្លួនបុរសជនជាតិអឺរ៉ង់ម្នាក់បន្លំលួចទ្រព្យសម្បត្តិនៅផ្ទះវ៉ីងវេរលុយ
បុរសជាជនសង្ស័យជនជាតិអឺរ៉ង់ម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅវេលាម៉ោងប្រហែល១២៖២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធករណីបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅផ្ទះវ៉ីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០ដុល្លារ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវ៉ីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានបន្តថា ជនសង្ស័យឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖កាបូបស្ពាយពណ៌ខ្មៅ១ ក្នុងកាបូបមានប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន១០លានរៀល, លុយដុល្លារ ចំនួន៣៥៤០$, លុយឥណ្ឌូនេស៊ី ចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ ជារបស់ជនសង្ស័យ។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការប្រគល់លុយចំនួន៥០០$ ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕