ប៊ុត សីហា អតីតម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធី «The Voice Cambodia» រដូវកាលទី១ និង​បក្ខពួក​ត្រូវ​បាន​ប៉ូលិសឃាត់ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន

អតីតម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា និង​បក្ខពួក​ម្នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ​ឃាត់ខ្លួន​នៅ​វេលាម៉ោង​៤​៖១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣នេះ នៅក្នុងភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់៖ ទី១៖ ឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ ២៩ឆ្នាំ ជាតារាចម្រៀង រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ និងទី២៖ ឈ្មោះ ឆន វល្លិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៥កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង