នៅទីបំផុត, ជនថ្លើមធំពាសមេឃលួចបង្កើត Telegram ប្រើឈ្មោះស្នងការខេត្តកណ្ដាលឆាតទៅខ្ចីលុយអភិបាលខេត្តត្រូវបានបញ្ជូនទៅពន្ធនាគារហើយ
បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការស្រាវជ្រាវប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។
នៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ២០២៣នេះ ជនត្រូវចោទឈ្មោះ ងន យឿន ហៅ ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលបានលួចប្រើឈ្មោះ និងយករូបថតលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបង្កើត Telegram ក្លែងក្លាយ ឆាតទៅខ្ចីលុយចំនួន៥០០០ដុល្លារពីឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណ:អភិបាលខេត្ត ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាសម្រេចឃុំជាបណ្តោះអាសន្ន និងបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្តាលហើយ ក្រោយពី លោកស្រី ថ្លាង វណ្ណណុច ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកណ្តាលធ្វើការចោទប្រកាន់ពីបទ «ឆបោក»។
គួររំលឹកថា ជនជាប់ចោទខាងលើ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់ធំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានប្រើប្រាស់រូបថត និងឈ្មោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅខ្ចីលុយឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្ត ឆបោកថា យកទៅមើលជំងឺម្តាយក្មេក កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។
ជនត្រូវចោទខាងលើបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តិទង្វើខាងលើប្រាកដមែន ហើយនៅរសៀលថ្ងៃទី១២ ខែកញ្ញា នេះ សមត្ថកិច្ចក៏ផ្តុំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតំណាងអយ្យការ និងចៅក្រមស៊ើបសួរ ធ្វើការចោទប្រកាន់ និងចេញដីកាសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន រង់ចាំថ្ងៃបើកសាវនាការនៅពេលក្រោយ៕