កម្លាំងប៉ូលិសខេត្តព្រះវិហារឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់បាន៨នាក់ ក្នុងនោះមានជនជាតិចិន៤នាក់(មានVideo)
ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងឲ្យជំនាញចុះស្រាវជ្រាវបង្រ្កាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានឡើងក្នុង មូលដ្ឋាន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ប្រភពព័ត៌មានបានបន្តថា ជាក់ស្ដែងនៅវេលាម៉ោង១០៖១៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនឹងមានការសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់នៅផ្ទះឈ្នោះ ស៊ឹម ស៊ីដា ភេទស្រី ត្រងចំណុចភ្នំរំដេង លើភូមិត្រពាំងទន្ទឹម ឃុំ រទម ស្រុករវៀង ខេត្តព្រះវិហារ ដោយឃាត់ខ្លួនបាន៨នាក់និងធ្វើការដកហូតបៀបានចំនួន ៦ហ៊ូ, ទូរស័ព្ទដៃចំនួន៨គ្រឿង ប្រាក់ចំនួន៣,០៨១,០០០រៀល។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាលេងល្បែងស៊ីសងខុសច្បាប់បានចំនួន៨នាក់ ក្នុងនោះមានជនជាត់ចិនចំនួន៤នាក់។
ប្រភពព័ត៌មានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕