សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការណ៍លើគ្រប់ផ្នែក ទាំងតូចទាំងធំ, កូននាគរាជ ច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»

 

ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ស​ម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងសង្កេតមើលសកម្មភាពរបស់នាយក​រដ្ឋមន្ត្រីថ្មីទាំងក្នុង និងក្រៅប្រទេស។ សម្តេចតេជោ បានថ្លែងសរសើរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់សម្តេច។

នៅលើបណ្តាញសង្គម Tik Tok សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចយ៉ាងដូច្នេះ «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។ ខ្ញុំកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ ខ្ញុំអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត។ មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែទើប នាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ផ្ទុយពីការគិតរបស់ខ្ញុំ នាយករដ្ឋមន្ត្រីរូបនេះចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការណ៍លើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។ កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»៕

អត្ថបទដែលជាប់ទាក់ទង