មេឈ្មួញរកស៊ីជួញដូរ លក់សាច់សត្វព្រៃជាច្រើនឆ្នាំដ៏សកម្មម្នាក់ត្រូវបានឃាត់ខ្លួន ខណៈប្រពន្ធរបស់ជនសង្ស័យខ្វាចសមត្ថកិច្ចឲ្យរងរបួសជាច្រើនកន្លែង និងបានរត់គេចខ្លួនបាត់ស្រមោល

កម្លាំងសមត្ថកិច្ចចម្រុះ និងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្ក្រាបហាងបាយមួយកន្លែងស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះដែលជាទីតាំងលួចជួញដូរ លក់សាច់សត្វព្រៃជាយូរយារណាស់មកហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត័មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនម្ចាស់ហាងម្នាក់ឈ្មោះ ចក់ ចែម ភេទប្រុស ត្រូវជាប្តី ខណៈប្រពន្ធឈ្មោះ សុខ ខឿន រត់គេចខ្លួនបាត់។

ប្រភពបន្តទៀតថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចរកឃើញសត្វត្រកួត៥ក្បាល ទម្ងន់៧គីឡូក្រាម, សាច់ជ្រូកព្រៃ៤០គីឡូក្រាម, សាច់ក្របីព្រៃ១០គីឡូក្រាម។

ប្រភពព័ត៌មានបានបន្តឲ្យដឹងថា វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលចំណែកជនសង្ស័យឈ្មោះ ចក់ ចែម ត្រូវបានតុលាការសម្រេចឃុំខ្លួនតាមនីតិវិធី។

បើតាមប្រភពពីប្រជាពលរដ្ឋថា ហាងបាយខាងលើនេះ លក់បាយម្ហូបសត្វព្រៃនិងលក់សត្វយូរឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចចុះបង្ក្រាបទេ ទើបតែនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឃើញកម្លាំងសមត្ថកិច្ចចុះបង្ក្រាប។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹថា ពេលកំពុងប្រតិបត្តិការបង្ក្រាបខាងលើ ស្រាប់តែប្រពន្ធរបស់ជនសង្ស័យឈ្មោះ សុខ ឃឿន និងប្អូនបានយកដុំថ្មគប់ទៅលើសមត្ថកិច្ច និងខ្វាចសមត្ថកិច្ចម្នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែងទៀតផង។

ទាក់ទិនករណីខាងលើ ប្រជាពលរដ្ឋសង្ឃឹមថា តុលាការនិងចាត់ការតាមនីតិវិធីច្បាប់ស្ដីពីច្បាប់ជួញដូរសត្វព្រៃនៅកម្ពុជាលើបុគ្គលជាប្ដីឈ្មោះ ចក់ ចែម និងប្រពន្ធឈ្មោះ សុខ ឃឿន ដែលមានទីតាំងលក់សត្វព្រៃជាយូរឆ្នាំហើយនដោយពុំលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង