បង្ក្រាបក្រុមក្មេងទំនើងបាន៩នាក់នៅមុខស្ថានីយប្រេងឥន្ធនៈ PTP ភូមិតាឡឹក ឃុំត្រពាំងវែង
កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនក្រុមក្មេងទំនើងបាន៩នាក់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ PTP ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០១:០០នាទីរំលងអធ្រាត្រកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អន្លង់រមៀតបានធ្វើការយាមល្បាតក្នុងភូមិសាស្ត្រតាមបណ្ដោយផ្លូវជាតិលេខ៣ ចាប់ពីគល់ស្ពាន ៧មករា ព្រុំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់ចំណុចកើតហេតុខាងលើបានឃើញក្រុមក្មេងទំនើងមួយក្រុមខាងលើប្រមូលផ្ដុំគ្នា ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរបានសួរនាំ រួចបញ្ជូនក្រុមក្មេងទំនើងខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីផ្នែកជំនាញធ្វើការសាកសួរបន្ត។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ៕