អធិការរងខណ្ឌច្បារអំពៅម្នាក់ត្រូវបានថ្នាក់លើកោះហៅទៅអប់រំ ធ្វើកិច្ចសន្យា ខណៈបានបង្កជម្លោះជាមួយពលរដ្ឋក្នុងវង់ផឹកស៊ី
ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកករណីលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បានមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែងស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រពីបទហិង្សានិងគម្រាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមការបំភ្លឺរបស់ការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅមុននេះ។
ប្រភពបានបន្តថា បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ។
ប្រភពបានបញ្ជាក់ថា ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីលោកស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កផលប៉ះពាល់កិត្តិយសនគរបាលជាតិ៕