បើគ្មានសន្តិភាព កុំនិយាយរឿងរោងចក្រទាំង ២៣៣ និងកម្មករជិត៧ម៉ឺននាក់

«បើគ្មានសន្តិភាព កុំនិយាយរឿងរោងចក្រទាំង ២៣៣ និងកម្មករជិត ៧ម៉ឺននាក់ បើគ្មានសន្តិភាព​ កុំនិយាយរឿង ២០៩ដុល្លារ យកមកដាក់ហោប៉ៅ របស់ប្រជាពលរដ្ឋ ជិត៧ម៉ឺននាក់ហ្នឹង។ នេះយើងនិយាយ ក្នុងវិស័យសហគ្រាស និងក្រុមហ៊ុនផង ទម្រាំតែបងប្អូននៅក្នុងវិស័យធនាគារ វិស័យរដ្ឋបាលផ្សេងៗ មានច្រើនទៅទៀត កសិករ និងផលិតករ ដែលផលិតកម្ម»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃអង្គារ ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើគ្មានសន្តិភាព ប្រុសៗត្រូវទៅច្បាំងគ្នា ចំណែកឯស្រីៗ ចូលទៅវិស័យឧស្សាហកម្មពាក់ព័ន្ធនឹងយោធា។ សម្តេចធិបតី លើកឧទាហរណ៍ថា នៅរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែមានបញ្ហា ដោយសារតែសង្គ្រាម ដែលធ្វើឲ្យបុរសនិងស្ត្រី គ្មានជម្រើសក្រៅពីចូលរួមធ្វើសង្គ្រាម

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថ្លែងថា នៅអ៊ុយក្រែន ដោយសារសង្គ្រាម ប្រុសៗអាយុ ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ មិនឲ្យចេញពីក្រៅប្រទេស គឺត្រូវចូលទៅច្បាំងគ្នា ខណៈស្រីៗចូលទៅឧស្សាហកម្មមួយចំនួន ដើម្បីបំពេញបន្ថែម ដោយអត់មានជម្រើសដូចខ្មែរ ដែលមានសន្តិភាពទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «គ្មានសង្គ្រាម បងប្អូនអាចរៀនសូត្រ និងមានការវិនិយោគ តែបើមានសង្គ្រាមលុយជាតិ ត្រូវយកទៅទិញគ្រាប់ ដើម្បីវាយគ្នា និងសម្លាប់គ្នា។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារឲ្យបានសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ»។ សម្តេចធិបតីបានបន្តថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានព្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរដូច្នេះសុខសន្តិភាព មានសារៈសំខាន់លើសអ្វីៗទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង