ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត

ឯកឧត្តម ឃួង ស្រេង ចេញបទបញ្ជាឱ្យអាជ្ញាធរតាមបណ្តាខណ្ឌទាំងអស់ត្រូវចុះបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឱ្យបានខ្លាំងក្លាបំផុត និងការចុះពិនិត្យនៅតាមដានមើលតាមបា ក្លឹបកំសាន្តពេលរាត្រី ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

ការបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំការពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាល មួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។

ជាមួយនោះ ឯកឧត្តមបានបន្តថា ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ដូច្នេះសម្រាប់រដ្ឋបាលរាជធានី ខណ្ឌត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបំផុតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនោះ ឯកឧត្ដមបន្តទៀតថា សម្រាប់ច្រកចេញចូលតែមួយ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយគុណភាព តម្លាភាព និងទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រក ចេញចូលតែមួយនៅថ្នាក់សង្កាត់ធ្វើយ៉ាងណាតម្រង់ទិសឱ្យមន្ត្រីអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់ អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា «បើទោះបីយើងផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើងជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាឲ្យបាននូវសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពួកគាត់»។

សូមបញ្ជាក់ថា ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ អាជីវកម្មសិល្បៈសូនរូប, ទីតាំងផលិត និងលក់ចម្លាក់ ពុម្ភស៊ីម៉ងត៍ ជាងគំនូរ ។ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី), កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ) , អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ២កៅអី ទៅ ៤កៅអី), អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ, សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាមេរិក) , សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក)។

អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ, ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក, តូបលក់អាហារ , ហាងលក់គុយទាវ កាហ្វេ, ម៉ូតូឌុបទេសចរណ៍ , ម៉ូតូជួលទេសចរណ៍ , រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ , ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ , ធ្វើទៀន ធូប, ដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់ , ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក, លាងរថយន្ត ម៉ូតូ លាងម៉ូតូ វិស័យពាណិជ្ជកម្ម , លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម វិស័យកសិកម្ម និងលិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារៈកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង