ឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃតារាសម្តែងស្រីនៅខណ្ឌបឹងកេងកងបានម្នាក់ក្នុងចំណោមបក្សពួក៣នាក់
សមត្ថកិច្ចបានឃាត់ខ្លួនក្រុមចោរឆក់ទូរស័ព្ទដៃពីតារាសម្តែងស្រីនៅខណ្ឌបឹងកេងកងបានម្នាក់ក្នុងចំណោមបក្សពួក៣នាកហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបន្តថា ដោដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបានឲ្យដឹងថា ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ផ្លាកលេខម៉ូតូ១សន្លឹង (ភ្នំពេញ ១KG-3260), មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន១, ទូរស័ព្ទម៉ាក Huawe ពណ៌ខៀវ, ខោខៅប៊យ ជេីងខ្លី ត្រឹមជង្គុង ម៉ាកFUBU JEANS, កូនកាំបិតស្នៀតរុញ ម៉ាកDeli 2057, ក្រដាក់អាលុយមីញ៉ូម ចំនួន១ដុំ និងទុយយោមួយចំនួន (សម្រាប់ជក់)។ ចំពោះសម្ហារ:បាត់បង់រួមមានទូរស័ព្ទដៃ ម៉ាក ViVo ពណ៌ខៀវ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕