ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គឺក្នុងគោលបំណងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យ និងផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

នាឱកាសនោះ ឯកឧត្តមក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានជំរុញឲ្យបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ដែលមកទទួលសេវាព្យាបាលរបស់មន្ទីរពេទ្យផងដែរ។

ទន្ទឹមនោះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង