ប៉ូលិសនាំចោរទៅចង្អុលបង្ហាញមុខសញ្ញាទទួលផលចោរកម្ម ឃាត់ខ្លួនបាន៣នាក់ទៀតនៅព្រែកអំបិល

 

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យ២នាក់ដែលបានជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុចផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវដេីមត្រាំង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនោះកម្លាំងជំនាញដកហូតបានម៉ូតូចំនួន១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-8935។ ម៉ូតូនេះជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ក កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបន្ដយកមកជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ។

ក្រោយបានចម្លើយសារភាព ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចជំនាញបានបន្ដទៅឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ និងបានប្រទះឃើញសោសម្រាប់កាច់កម៉ូតូចំនួន២បន្ថែមទៀត។

រហូតដល់ថ្ងៃទី២០ ខែ​កញ្ញា​ ឆ្នាំ២០២៣នេះ វេលាម៉ោង១៥៖៣០នាទី​ កម្លាំង​ជំនាញការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋានស្រុកស្អាង បាននាំជនសង្ស័យឈ្មោះ លឹម ធារ៉ា ចង្អុលបង្ហាញមុខសញ្ញាដែលទទួលផលចោកម្ម ឃាត់ខ្លួនបានត្រង់ចំណុចភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣នាក់៖

*ទី១៖ ឈ្មោះ នុត នន់ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ទី២៖ ឈ្មោះ មាំង ម៉ាប់ អាយុ ២០ឆ្នាំ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ទី៣៖ឈ្មោះ តុល ភា អាយុ៣១ឆ្នាំ ស្នាក់ភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្ភារៈដកហូត​ម៉ូតូចំនួន២គ្រឿង ម៉ាក​ Honda Dream C125 ពណ៌ខ្មៅ​ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខតាកែវ1C-5710 និងម៉ាក Honda Cub ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខតាកែវ1B-8767។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាន ​ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង