កំណើនជនជាប់ឃុំមានការព្រួយបារម្ភ ខណៈគិតមកទល់បច្ចុប្បន្ននេះមានចំនួនជា៤ម៉ឺននាក់
បច្ចុប្បន្នកំណើនជនជាប់ឃុំមានការព្រួយបារម្ភ គិតមកដល់ពេលនេះមានចំនួន ៤,១៣១៨នាក់។ នេះជាគូសបញ្ជាក់របស់ឯកឧត្តម ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
នាឱកាសនោះ ឯកឧត្តម ឈន សាណាត បានណែនាំដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ។
ក្នុងកិច្ចប្រជុំខាងលើនេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ រី រ៉ន អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុបបានផ្សព្វផ្សាយ ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ ឯកឧត្តម-លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយជួយការងារអគ្គនាយក តាមរយៈការផ្ដួចផ្ដើមផ្ដល់យោបល់លើការងារដឹកនាំ ការងារគ្រប់គ្រង តាមដាន និងជំរុញការអនុវត្តទិសដៅការងារ ផែនការសកម្មភាព ការងារនៅតាមនាយកដ្ឋានជំនាញទាំង៥ និងពន្ធនាគាររាជធានី-ខេត្ត តាមភារកិច្ចដែលបានបែងចែក។ ក្រៅពីភារកិច្ចដែលបានបែងចែកឱ្យទទួលខុសត្រូវខាងលើនេះ អគ្គនាយករង មានភារកិច្ចអនុវត្តការងារចាំបាច់ផ្សេងៗទៀត តាមការប្រគល់របស់អគ្គនាយក។
ជាមួយគ្នានេះ ឯកឧត្តម ឈន សាណាត បានថ្លែងថា ផ្អែកតាមស្មារតី នៃកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាពេលកន្លងទៅនេះ លទ្ធផលតាមមណ្ឌលពន្ធនាគាររាជធានី-ខេត្ត ដែលបានអនុវត្ត គឺអាចទទួលយកបាន ហើយមានលទ្ធផលល្អប្រសើរ ពិសេស គ្រប់បណ្ដាលអង្គភាពពាក់ព័ន្ធទាំងអស់ ក៏មានការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕