ប៉ូលិសស្រុកព្រៃកប្បាសចាប់បានក្រុមចោរឆក់ទូរស័ព្ទម្នាក់ ខណៈម្នាក់ទៀតចាប់អត់ទាន់បាន

កាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃព្រហស្បតិ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីក្រុមចោរជិះម៉ូតូឆក់ទូរស័ព្ទពីប្រជាជន នៅក្នុងភូមិបាយន ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងម៉ាក (Redmi) របស់ជនរងគ្រោះឈ្មោះ​ ណៃ តុលា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​បានបញ្ជាកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​អង្កាញ់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានធ្វើការស្រាវជ្រាវដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងយើងឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ​ សុខ ធី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ​ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន​ កម្លាំងយេីងកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដេីម្បីអនុវត្តតាមនីតិវិធី រួមទាំងវត្ថុតាង៖ ទូរស័ព្ទដៃ១គ្រឿង របស់ជនរងគ្រោះ និងម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1-CR 0224 យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ប្រភពព័ត៌មានបានអះអាងថា ក្នុងនាមអធិការនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068៕

អត្ថបទដែលជាប់ទាក់ទង