បង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ៣ទីតាំងនៅខណ្ឌដូនពេញ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយបាននាំខ្លួនជនសង្ស័យចំនួន១២នាក់ មកកាន់អធិការដ្ឋាន។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ បានឲ្យដឹងថា៖
*គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។
*គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្រី ជាអ្នកបំរើសេវកម្មផ្លូវភេទ។
*គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ (ស្រី4) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។
វត្ថុតាងចាប់យករួមមាន៖
*គោលដៅទី១៖ ស្រោមអនាម័យមិនទាន់ប្រើចំនួន១៥ ប្រាក់ចំនួន១៥ម៉ឺនរៀល (ម្ចាស់ទីតាំងឈ្មោះ កែវ ស្រីមុំ ហៅកាព្រឿង អាយុ៥៤ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម)។
*គោលដៅទី២៖ ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំ។
*គោលដៅទី៣៖ ស្រោមអនាម័យមិនទាន់ប្រើចំនូន៣៨ (ម្ចាស់ទីតាំងឈ្មោះ ហៅក្រៅយាយម៉ៅ ផែថ្ម អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅ ម្តុំសាលាកូលាប សង្កាត់ស្រះចក)។ និងបាននាំជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការសាកសួរ។
ចំពោះស្ត្រីដែលបានបំរើសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសុំរឿងចំណាត់ការអនុវត្តន៍ជំនាញតាមនីតិវិធីច្បាប់៕