រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងពីការរីកចំរើននៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាដល់គណៈប្រតិភូធនាគារពិភពលោក
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីការរីកចំរើននៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានដើរតួនាទីជាដៃគូសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើការគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងនានា។
ការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងក្នុងជំនួបជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Mariam J. Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
ក្នុងជំនួបខាងលើនេះ ឯកឧត្តម ប៉េង ពោធិ៍នា និងលោកស្រី Mariam J. Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក៏បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគម្រោងសំខាន់ៗមួយចំនួន រួមមាន៖
១៖ គម្រោងធ្វើឱ្យប្រសើរឡើងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
២៖ គម្រោងគ្រប់គ្រងទិន្នន័យផ្លូវថ្នល់។
៣៖ គម្រោងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ លើការកែលម្អការផ្គត់ផ្គង់ទឹក និងអនាម័យ ការធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។
៤៖ គម្រោងរៀបចំផែនការមេភស្តុភារកម្ម ការកសាងសមត្ថភាពធនធានមនុស្ស ដែលបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងធ្វើឱ្យប្រសើរឡើងគុណភាពនៃការរស់នៅ នៅកម្ពុជា៕