កម្ពុជាមិនខ្វះទឹកចិត្តជួយប្រជាពលរដ្ឋទេ ខណៈរាជរដ្ឋាភិបាលមានគោលនយោបាយជាច្រើនទៀត សម្រាប់ជួយប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យនៅទូទាំងប្រទេស
បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងតេឡេក្រាមថា៖ «កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចេញនូវរបាយការណ៍ប្រចាំថ្ងៃដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ញើជូន ដោយក្នុងរបាយការណ៍នោះបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖
*ទី១៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។ ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧ ៧៣១គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន ៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤ ៨០៥ ៨០១ ៦៩៩ ០០០រៀល (ឬ ១ ១៧២ ១៤៦ ៧៥៦ដុល្លា ពោលគឺជិត ១ពាន់ ២០០លានដុល្លារ)។
*ទី២៖ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩ ៩៧៧នាក់ ចំណែកថវិកាសរុប ១១០ ៤០១ ២០០ ០០០រៀល (ឬ ២៦ ៩២៧ ១១២ដុល្លារ ឬជិត ២៧ លានដុល្លារ)។
*ទី៣៖ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥ ១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន ៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣ ៩០០ ០២១ ២០០រៀល (ឬ ៤២ ៤១៤ ៦៣៩ដុល្លារ)។
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីទាំង៣នេះ ផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន ៧សែននាក់ (ឬ ៤៣៧ ៧៣១គ្រួសារ) ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៣៣៩ ៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន ៨សែននាក់ (ឬ ៤៩៥ ១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥ ០៩០ ១០២ ៩០២ ២០០រៀល (ឬ ១ ២៤១ ៤៨៨ ៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។
ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យនៅទូទាំងប្រទេស៕